សូម្បីតែផ្សារទំនើបសូរិយាជាន់ទី៥ក្នុងសង្កាត់ផ្សារថ្មីទី១ក៏មានបើកហ្គេមបាញ់ត្រីភ្នាល់លុយខុសច្បាប់យ៉ាងគគ្រឹកគគ្រេងផងដែរ

អអេហ្វអិន
បញ្ចូលដោយ -

(ភ្នំពេញ) ៖ ល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែងស្ថិតនៅត្រង់ចំណុចផ្សារទំនើបសូរិយាជាន់ទី៥ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញដែលតែងតែបង្កនូវហានិភ័យជាច្រើនចេញពីប្រភពល្បែងស៊ីសងទាំងនោះ ហ្គេមបាញ់ត្រីនេះអនុញ្ញាតឲ្យក្មេងបាស់ចូលលេង លេងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានអាជ្ញាធរ ឬសមត្ថកិច្ចចុះធ្វើការបង្ក្រាបទាល់តែសោះ នេះបើតាមសារព័ត៌មាន «អអេហ្វអិន» បានទទួលព័ត៌មាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។


យោងតាមប្រភពព័ត៌មាន ដែលអង្គភាពព័ត៌មាន «អអេហ្វអិន» បានទទួលឲ្យដឹងថា ៖ ទីតាំងបទល្មើសល្បែងស៊ីសហ្គេមបាញ់ត្រីមួយនេះ បានបើកលួចលាក់បង្កប់ជាយូណាស់មកហើយ ដោយមានការដាក់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់របស់អ្នកញៀនល្បែងទូហ្គេមបាញ់ត្រី ដែលមិនត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យមជ្ឈដ្ឋានទូទៅមានចម្ងល់ហេតុអ្វីអាចដំណើរការយ៉ាងរលូនបែបនេះ ឬមានអ្នកធំណានៅពីក្រោយឬយ៉ាងណា? ការបើកលេងយ៉ាងធំនៅផ្សារទំនើបជាន់ទី៥ ក្នុងមូលដ្ឋានសង្កាត់សង្កាត់ផ្សារថ្មីទី១នេះ ពលរដ្ឋយល់ថា បើបើកលេងល្បែងមានទីតាំងខ្នាតធំបែបនេះ គឺពិតជាមិនធម្មតានោះទេ ប្រាកដជាមានអ្នកធំ ឬអ្នកមានអំណាចណាម្នាក់នៅក្រោយខ្នងហើយមើលទៅ។


សូមរំលឹកថា៖ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីប្រកាសលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ សម្ដេចធិបតី បានដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួន ជាពិសេសបន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែសកម្មថែមទៀត ក្នុងនោះ៖


១- ត្រូវបន្តយកចិត្តទុកដាក់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យបានកាន់តែសកម្មផុលផុសនៅតាមមូលដ្ឋាន និងនៅតាមក្រសួង-ស្ថាប័ន។


២- ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបន្ទុករបស់សង្គម ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍។


៣- ត្រូវបន្តគ្រប់គ្រង ត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបឱ្យបានហ្មត់ចត់ល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន សំដៅថែរក្សាសន្តិសុខ និងសុវត្ថិភាព រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។


នៅរាជរដ្ឋាភិបាលថ្មីអាណត្ដិទី៧នេះ ប្រជាពលរដ្ឋសង្ឃឹមថា អភិបាលរាជធានី ខេត្ត និងនគរបាល នឹងស្ដាប់ដំបូន្មានរបស់ថ្នាក់ដឹកនាំ ជាពិសេស អាចបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានបានដោយរលូន និងមិនក្លាចអំណាចរបស់អ្នកមានអំណាចណាម្នាក់បន្ដទៀតទេ ព្រោះកាលណាមានល្បែងស៊ីសង បទល្មើសក្នុងភូមិឃុំទាំង៩ចំណុច ប្រាកដជាកើតមានជាក់ជាពុំខានឡើយ៕ ដោយ ៖ សុភ័ក្រ











#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!