ផ្គើនតែម្ដង ! ថៅកែល្បែងស៊ីសងអនឡាញបានដាក់ទីតាំងល្បែងបញ្ជាល់មាន់តាមទូរទស្សន៍ស៊ីសងប្រាក់យ៉ាងគគ្រឹកគគ្រេងនៅស្រុកស្អាង ខណៈអាជ្ញាធរសមត្ថកិច្ចមិនធ្វើការបង្ក្រាប

អអេហ្វអិន
បញ្ចូលដោយ -

(ខេត្តកណ្ដាល) ៖ ស្របពេលដែលមានការផ្ទេភារកិច្ចថ្មី ឯកឧត្ដម គួច ចំរើន ចូលកាន់ដំណែងជាអភិបាលខេត្តកណ្ដាល ថៅកែល្បែងស៊ីសងបានពង្រាយល្បែងស៊ីសងភ្នាល់លុយដាក់បញ្ជាល់មាន់តាមទូរទស្សន៍រីកដូចផ្សិត ស្ថិតនៅឃុំស្វាយប្រទាល ស្រុកស្អាត ខេត្តកណ្ដាល ខណៈអាជ្ញាធរសមត្ថកិច្ចមិនធ្វើការបង្ក្រាបទាល់តែសោះ បណ្ដែតបណ្ដោយខ្លាំងមែនទែន។


យោងតាមប្រភពពីប្រជាពលរដ្ឋ បានថ្លែងប្រាប់អង្គភាពព័ត៌មាន «អអេហ្វអិន» នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះថា ពួកគាត់សម្ដែងអារម្មណ៍មិនពេញចិត្តដែលភូមិឃុំរបស់ខ្លួនមានល្បែងស៊ីសងភ្នាល់បញ្ជាល់មាន់តាមទូរទស្សន៍យ៉ាងគគ្រឹកគគ្រេងបែបនេះ។ ពួកគាត់រិះគន់ថា អាជ្ញាធរសមត្ថកិច្ចឃុំស្វាយប្រទាល ស្រុកស្អាង បានបណ្ដែតបណ្ដោយឲ្យមានបទល្មើសនេះកើតឡើងយ៉ាងសន្ធឹកសន្ធាប់ ការមិនចុះបង្ក្រាបបែបនេះធ្វើឲ្យមានករណីចោរកម្ម អំពើរហឹង្សារបានកើតមានឡើងជារឿយៗ ដែលប្រជាពលរដ្ឋភ័យព្រួយបារម្មណ៍អំពីសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ។

សូមរំលឹកថា៖ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីប្រកាសលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ សម្ដេចធិបតី បានដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួន ជាពិសេសបន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែសកម្មថែមទៀត ក្នុងនោះ 

១- ត្រូវបន្តយកចិត្តទុកដាក់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យបានកាន់តែសកម្មផុលផុសនៅតាមមូលដ្ឋាន និងនៅតាមក្រសួង-ស្ថាប័ន។

២- ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបន្ទុករបស់សង្គម ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍។

៣- ត្រូវបន្តគ្រប់គ្រង ត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបឱ្យបានហ្មត់ចត់ល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន សំដៅថែរក្សាសន្តិសុខ និងសុវត្ថិភាព រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើនេះ បានលើកឡើងពីក្ដីសង្ឃឹមលើឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នឹងអាចដាក់បទបញ្ជាបង្ក្រាបបទល្មើសល្បែងស៊ីសងទាំងនោះដោយមិនលើកលែងឡើយ ប៉ុន្ដែពួកគាត់មិនសប្បាយចិត្តនៅប៉ុន្មានថ្ងៃនេះ ដោយសារតែថៅកែល្បែងខុសច្បាប់ទាំងនោះបានដាក់ពង្រាយល្បែងស៊ីសងនៅភូមិឃុំរបស់គាត់ ហើយអាជ្ញាធរសមត្ថកិច្ចមិនបង្ក្រាបទាល់តែសោះ គឺផ្គើនជាមួយអភិបាលខេត្តថ្មីតែម្ដង។

ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរទៅដល់ លោកអធិការដ្ឋាននគរបាលស្រុកស្អាង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង តាមអនឡាញដែលកំពុងតែបើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងនៅខាងលើនេះ ឲ្យស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះផងទាន៕











#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!